ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តលម៉ារ៉ាតុងលើកទី២៦ អ្នកចូលរួម២២០០នាក់

Detail Top Banner

សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើងនៅតំបន់អង្គរ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ទទួលបានអ្នករត់ប្រណាំងសរុបចំនួន ២,២០០នាក់ ក្នុងនោះមានអ្នករត់ជាតិ ២,០០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍រត់ប្រណាំងនេះបានដំណើរការដោយរលូន និងជោគជ័យ ជាពិសេសវិធានការបង្ការកូវីដ-១៩ ក៏ត្រូវបានអនុវត្តបានល្អប្រសើរ ដោយទទួលបានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំងពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីដែលជាការកត់សម្គាល់ គឺអ្នកចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង ជាមួយនិងមនោសញ្ចេតនារំភើបរីករាយ ចំពោះការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់តំបន់អង្គររបស់យើង»។

ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដាក់ថាជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។ ដូច្នេះ សុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ។ ភ្ញៀវទេសចរណ៍ទាំងអស់ អាចចាប់ផ្តើមមកលេង សម្រាប់អ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួច ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះ នឹងបើកទទួលអ្នករត់យ៉ាងទូលាយទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចត្តាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់ អាចដើរហើរដោយសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់ៗគ្នា ទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នាទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងវិញផងដែ។

លោក ចាសស្ទីន ហ៊ែលហ្វឺរិច (Justin Helferich) អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លើកឡើងដែរថា ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ជាមួយនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា យើងមានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនយើង។ នេះជាឆ្នាំទី៨ហើយ ដែលយើងបន្តការគាំទ្រគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍នេះដោយផ្ទាល់។ យើងមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។

«ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនេះ ជាបទពិសោធន៍ដ៏ល្អបំផុត ដែលខ្ញុំមិនដែលជួបនៅកន្លែងផ្សេងឡើយនៅលើពិភពលោក។ ខ្ញុំរំភើបចិត្តជាខ្លាំង ដែលបានឃើញពីការចូលរួម និងទទួលស្គាល់គ្នាទៅវិញទៅមកពីគ្រប់ជាតិសាសន៍ សាសនា ភេទ អាយុ សមត្ថភាពរាងកាយ និងការចែករំលែកមនុស្សធម៌របស់យើងទៅកាន់អង្គការសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ»៕

 

You might also like