សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកីឡាប៊ូល និងប៉េតង់ ជាប្រភេទកីឡាសក្តានុពលខ្លាំងរបស់កម្ពុជា ព្រោះមិនទាន់មានអ្នកណាផ្តួលបាននៅឡើយទេ

Detail Top Banner

នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំនួរថា តើកីឡា ប៊ូល និងប៉េតង់ ជាកីឡាខ្លាំងរបស់ប្រទេសអាស៊ី ឬយ៉ាងណា? ព្រោះការប្រកួតចុងក្រោយនេះនៅអឺរ៉ុប តែបែរជាវគ្គផ្តាច់ព្រ័ត្រ សិតតែអត្តពលិកអាស៊ី ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ កោតសរសើរដល់កីឡាការិនី អ៊ុក ស្រីម៉ំ និងគ្រូបង្វឹក ព្រមទាំងអ្នកពាក់ព័ន្ធដែលបានខិតខំជ័យជម្នះជូនជាតិមាតុភូមិ ដែលមិនមែនកិត្តិយសតែសំរាប់ខ្លួនឯងនោះទេ ជាកិត្តិយសសំរាប់ជាតិ និងប្រជាជនទាំងមូលតែម្តង។ សម្តេច ក៏បានចាត់ទុកកីឡាប៉េតង់ និងប៊ូលនេះ ជាកីឡាខ្លាំងរបស់កម្ពុជាតែម្តង ព្រោះមិនទាន់មានប្រទេសណា អត្តពលិកណាធ្វើបាន៥សម័យកាលជាប់ៗគ្នា ដូចកម្ពុជានោះទេ ។

ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរៈកីឡាការិនី អ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រាពិភពលោក នៃការបន្តឈ្នះរបស់កម្ពុជាចំនួន ៥សម័យកាល បន្ទាប់ពីលោកស្រី កែ ឡេង ដោយមិនទាន់មានកីឡាការិនីប្រទេសណាធ្វើបានដូចកម្ពុជាឡើយ ៕

You might also like