នាយិការងវិទ្យាល័យច្បារអំពៅ គាំទ្រកម្មវិធី អប់រំគុណតម្លៃ អូឡាំពិក និងប្តេជ្ញាជំរុញអោយសិស្សានុសិស្សលេងកីឡា ដើម្បៅសុខភាព មិត្តភាព សាមគ្គីភាព
លោកស្រី ភោគ ដាវី នាយិការង តំណាងនាយកវិទ្យាល័យ ច្បារអំពៅបានសាទរចំពោះកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងការផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដែលកម្មវិធីនេះពិតជាមានសារៈសំខាន់ក្នុងការពន្យល់ណែនាំដល់សិស្សានុសិស្ស។
លោកស្រីនាយិការងរូបនេះមានប្រសាសន៍បន្ថែមថា «កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ដែលធ្វើឲ្យសិស្សានុសិស្សនៅវិទ្យាល័យ ច្បារអំពៅបានជ្រួតជ្រាបបន្ថែមពីគុណតម្លៃ-ចលនាអូឡាំពិក ព្រមទាំងបញ្រ្ជាបការផ្សព្វផ្សាយពីគោលដៅសំខាន់នៃដំណើររបស់កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោកស្រី ភោគ ដាវី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់សិស្សានុសិស្សរបស់ខ្លួន ក្នុងការរួមចំណែកលេងកីឡា និងរួមគ្នាលើកកម្ពស់មុខមាត់ប្រទេសជាតិនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពីព្រោះថា ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។
លោកស្រីថានឹងផ្តល់កិច្ចសហការក្នុងការរៀបចំកម្មវិធីនេះនាពេលខាងមុខជាបន្តបន្ទាប់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសកម្មវិធីគុណតម្លៃអូឡាំពិកបញ្ជាក់ថា ថ្ងៃនេះជាលើកទី៦ ដែលយុទ្ធនាការគុណតម្លៃអូឡាំពិក និងយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយលោកសង្កេតឃើញថា សិស្សានុសិស្សតែងតែបានចូលយ៉ាងផុសផុល ក្នុងការចូលរួមក្រេបជញ្ជក់ចំណេះដឹង ការអប់រំគុណតម្លៃ-ចលនាអូឡាំពិក ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយពីដំណើរឆ្ពោះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
គោលដៅផ្សព្វផ្សាយនូវយុទ្ធនាការនេះមានចំនួន៤ គឺកម្ពុជាស្អាត កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ-គ្រឿងញៀន៕