ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន ៧មករា ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ
ការប្រកួតបាល់ទាត់ ពានរង្វាន់យុវជន ៧មករា ឆ្នាំ២០២២ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត ដោយធ្វើការប្រកួតរយៈពេល ០១ថ្ងៃ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ បានបញ្ចប់ដោយជោគជ័យ ។
ដោយការប្រកួតនេះមានការចូលរួមក្រោមអធិបតី លោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ឯកឧត្តម កែប ជុតិមា កីឡាករកិត្តិយស ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និង លោក បែ មករា ប្រធានកម្មវិធីកីឡា ស.ស.យ.ក រាជធានីភ្នំពេញ និងជាអគ្គលេខាធិកាក្លិបបាល់ទាត់បឹងកេត ។
លោកជំទាវ តិមា វិច្ឆិកាល បានមានប្រសាសន៍ថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ អបអរសាទរទិវាជ័យជម្នះ ៧មករា និងដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីបង្កើតភាពសប្បាយរីករាយ និងបណ្តុះភាពក្លាហាន និងស្មារតីស្រលាញ់កីឡាដល់កុមារ។ ជាពិសេសដើម្បីស្វែងរកក្មេងៗដែលមានទេពកោសល្យ យកទៅបណ្តុះបណ្តាល និងជួយសម្រេចក្តីសុបិន្តចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ។
សូមបញ្ជាក់ថា ការប្រកួត ពានរង្វាន់យុវជន ៧មករា ឆ្នាំ ២០២២ នេះរៀបចំជា ៣ប្រភេទអាយុ គឺអាយុក្រោម ១០ឆ្នាំ អាយុក្រោម ១២ឆ្នាំ និងអាយុក្រោម ១៥ឆ្នាំ ( Under10, Under12, Under15 ) ដែលមានការចូលរួមដោយក្រុមយុវជនមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ។
សម្រាប់ជ័យលាភីក្រុមដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់មួយ អមនឹងមេដាយមាស ១៥គ្រឿង និងឈុតកីឡា ១២ឈុត រួមនឹងបាល់ ១០គ្រាប់ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ១៥គ្រឿង និងបាល់ ៦គ្រាប់ និង ចំណាត់ថ្នាក់លេខ ៣ ទទួលបាន មេដាយសំរិទ្ធិ ១៥គ្រឿង និងបាល់ ៤គ្រាប់ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលចូលរួមទាំងអស់ នឹងទទួលបានលិខិតថ្លែងអំណរគុណមួយក្នុង១ក្រុមនិងសម្ភារៈគ្រប់គ្រងបរិស្ថានផងដែរ ។
ក្រោយពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃការប្រកួតក៏មានការចូលរួមដាំដើមឈើ ដើម្បីគាំទ្រដល់ការស្រលាញ់បរិស្ថាននិងទុកជាកម្រងអនុស្សាវរីផងដែរ៕