ក្លឹបបាល់ទាត់ភ្នំពេញក្រោនចាប់ដៃគូរសហការជាមួយក្លឹបហាត់ប្រាណ Primum Fitness ដើម្បីអភិវឌ្ឍកាយសម្បទាអត្តពលិកខ្លួនសម្រាប់ត្រៀមការប្រកួតនានា
ក្លឹបបាល់ទាត់ភ្នំពេញក្រោន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីសន្និសិទសារព័ត៌មានចុះហត្ថលេខា MOU ជាមួយក្លឹបហាត់ប្រាណ Primum Fitness ដើម្បីជំរុញការហ្វឹកហាត់រាងកាយដល់ក្រុមកីឡាកររបស់ខ្លួនតៀមការប្រកួតនានា នៅពេលខាងមុខ ជាពិសេសគោលដៅប្រជែង ពានរង្វាន់លីគរដូវកាល ២០២២។ លោក កែវ សុខង៉ន តំណាងក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា លោកពិតជារីករាយក្នុងការសហការជាមួយក្លឹបហាត់ប្រាណ Primum Fitness ព្រោះជាកន្លែងហាត់ប្រាណស្តង់ដារ និងមានសម្ភារគ្រប់គ្រាន់ងាយស្រួលដល់កីឡាករ។
ការសហការនេះនឹងជួយច្រើនដល់ក្រុមកីឡាករក្រោន ដើម្បីជាការត្រៀមខ្លួនក្នុងការប្រកួតប្រជែងពានរង្វាន់នានាទាំងលីគកំពូលកម្ពុជា និងពានរង្វាន់អន្តរជាតិពេលខាងមុខនេះ។លោកឧកញ្ញា ស្រី ចាន់ថន បានសម្តែងការសប្បាយរីករាយចំពោះការចូលរួមសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយបានលើកឡើងថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនជាក្លឹបបាល់ទាត់មួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ។
ដោយក្លឹបបាល់ទាត់នេះបានដើរតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ថ្នាលជាច្រើនសម្រាប់ជាទំពាំងស្នងឬស្សីនាពេលអនាគត់ ។ តាមរយៈការសហការជាដៃគូនេះលោកឧកញ្ញា ស្រី ចាន់ថន ជឿជាក់ថា វានឹងចូលរួមមួយផ្នែកសម្រាប់ការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាអោយមានការរីកចម្រើននាពេលអនាគត់ ។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាសហការគ្នានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោក កែវ សុខង៉ន តំណាងក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ្ញា ស្រី ចាន់ថន និងលោកជំទាវ រិទ្ធ ដារាវីន នាយការក្លឹបហាត់ប្រាណ Primum Fitness រួមជាមួយកីឡាករ និងអ្នកសារព័ត៌មានមកពីស្ថាប័ណ្ណផ្សេងៗជាច្រើរូបផងដែរ ៕