អគ្គលេខាធិការកីឡាទោចក្រយាន ថ្លែងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ កីឡាករ កីឡាការិនីកើនទាំងគុណផល និងសិទ្ធិផលបច្ចេកទេស

Detail Top Banner

ការប្រកួតកីឡាទោចក្រយានជើសរើសជើងឯកថ្នាក់ឆ្នាំ២០២១ ដែលរៀបចំនៅខេត្តសៀមរាបលើប្រភេទកង់គក់ និងកង់ភ្នំរយ:ពេល១ថ្ងៃ ធ្វើក្នុងក្រុងសៀមរាប និង ស្រុកបន្ទាយស្រីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ បញ្ចប់ដោយជោគជ័យ និងរលូនលើសការគ្រោងទុក។


លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងបញ្ជាក់ថា ការប្រកួតឆ្នាំនេះ កីឡាករកីឡាការិនីដែលមកចូលរួមប្រកួតមានការកើនឡើងខ្លាំងទាំងសមត្ថភាព និងសិទ្ធផលបច្ចេកទេសទាំងកង់ភ្នំ និងកង់គក់ខុសពីការចូលរួមកាលពីឆ្នាំមុនៗ ដោយពួកគាត់អាចបំបែកថេរៈវេលាខ្លួនឯងថយមកនៅថេរៈវេលាមួយល្អស្ថិតនៅក្នុងថេរៈវេលាកីឡាករក្នុងតំបន់អាស៊ានដែលផ្តល់ក្តីសង្ឈឹមខ្ពស់សម្រាប់ការប្រជែងដណ្តើមមេដាយជូនកម្ពុជា នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។


លោក អគ្គលេខាធិការ អះអាងទៀតថា សម្រាប់ ការប្រកួតជើងរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ក្នុងឆ្នាំ២០២២នេះ សង្កេតឃើញថា ការរៀបចំរបស់គណៈកម្មការបច្ចេកទេសរៀបចំបានយ៉ាងល្អប្រព្រឹត្តិទៅដោយរលូនត្រូវតាមស្តង់បច្ចេកទេសនៃការកំណត់របស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ(UCI) ។ ទាំងអស់នេះ យើងអាចវាយតម្លៃបានថា សម្រាប់ការរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ យើងមិនមានការព្រួយបារម្មណ៍ចំពោះសមាសភាពមន្រ្តីគណៈកម្មការបច្ចេកទេសឡើយ។

ឯកឧត្តម កឹម សុខុន អនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ បានថ្លែងថា ការប្រកួតរយៈពេលពេញមួយថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និង វាយ តម្លៃខ្ពស់ចំពោះ «សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយ រដ្ឋបាលខេត្តសៀមរាប» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ឱ្យមានភាពអធិកអធម និងមហោឡោរឹក បញ្ចប់ដោយជោគជ័យ៕

You might also like