ក្លិបហែលទឹកក្រសួងព័ត៌មានអាចដំណើរការអភិវឌ្ឍបាន អាស្រ័យដោយមានការលើកទឹកចិត្តខ្ពស់ពីឯកឧត្តម ខៀវ កាញារីទ្ធ
លោកស្រី សុខ សីហា អគ្គលេខាធិការ ក្លិបកីឡាហែលទឹកក្រសួងព័ត៌មានបានបង្ហាញនូវក្តីមោទនភាព ដែលក្លិបអាចដំណើរបានអស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យដោយទទួលបានការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ ក្នុងការការគាំទ្រ ទាំងថវិកា ស្មារតី និងសម្ភារពីសំណាក់ឯកឧត្តម ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្លិបហែលទឹកក្រសួងព័ត៌មាន ដែលឯកឧត្តមគឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតក្លិបនេះឡើង។
លោកស្រី សុខ សីហា តំណាងប្រធានក្លិប លោក សុខ សារ៉េត បន្ថែមថា ការផ្តល់ការលើកទឹកចិត្តនេះ គឺជាកម្លាំងចិត្តក្នុងការបណ្តុះបណ្តាល និងបង្កើនគុណភាពកីឡាករ កីឡាការិនីប្រចាំក្លិបរបស់ខ្លួនឲ្យចូលរួមប្រកួតប្រជែងមេដាយពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ និងព្រត្តិការណ៍ហែលទឹកក្នុងស្រុកជាច្រើនទៀត។ ជាក់ស្តែង នៅក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និងសម្ពោធមណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្លិបក្រសួងព័ត៌មានបានបញ្ជូនកីឡាករ កីឡាការិនីចំនួន៣នាក់ ក្នុងនោះកីឡាករជម្រើសជាតិ លឹម សុខវឌ្ឍន៍នន្ទ ដណ្តើមមេដាយបាន៣គ្រឿង គឺមេដាយប្រាក់២ និងសំរឹទ្ធ១គ្រឿង។ ចំពោះ២នាក់ទៀតមិនទទួលបានមេដាយទេ ដោយត្រូវបន្តដុះខាត់សមត្ថភាពបន្ថែមទៀត នាឱកាសក្រោយៗ ដោយសារនេះជាការប្រកួតហែលទឹកថ្នាក់ជាតិ ដែលកីឡាករកីឡាការិនីចូលរួមសុទ្ធសឹងតែមានកម្រិតសមត្ថភាពខ្ពស់ៗ។
អគ្គលេខាធិការដដែលបន្ថែម ថ្វីដ្បិតតែក្លិបហែលទឹកក្រសួងព័ត៌មានមានចំនួនកីឡាករ កីឡាការិនីតិច ប៉ុន្តែមានគុណភាព ដោយអាចថែរក្សានូវមេដាយបន្តទៀតបាន។ អ្វីដែលសំខាន់ គឺកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែលដណ្តើមបានមេដាយ៣គ្រឿងនេះ គឺទើបមានអាយុ១៥ឆ្នាំ ដែលចូលរួមប្រកួតប្រជែងជាមួយយុវជនអាយុ១៨ឆ្នាំឡើង ដោយម្ចាស់ជ័យលាភីរូបនេះបានបំបែកកំណត់ត្រាថិរវេលាចាស់របស់គាត់បានទៀត។ លោកស្រីអគ្គលេខាធិការថា នេះជាសមិទ្ធផលថ្មីមួយរបស់ក្លិបកីឡាហែលទឹកក្រសួងពត៌មាន ដែលយើងមានមោនភាពជាខ្លាំង។ ជាកត់សម្គាល់ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងបរិបទជំងឺកូវីដ-១៩ ជាង១ឆ្នាំមកនេះ សហព័ន្ធមិនបានបិទខ្ទប់កីឡាករ កីឡាការិនីនោះទេ ដោយនៅតែលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីសំងំហ្វឹកហាត់បង្កើនបច្ចេកទេសដដែល ក្នុងនោះក្លិបក្រសួងព័ត៌មាន ជាពិសេសកីឡាករជម្រើសជាតិយុវជន១៥ឆ្នាំ លឹម សុខវឌ្ឍន៍នន្ទ នៅតែអាចឲ្យកីឡាករ កីឡាការិនីរបស់ខ្លួនបន្តការខិតខំហ្វឹកហាត់បង្កើនថាមពលកម្លាំង ការបំប៉នអាហារ ដែលធ្វើឲ្យយើងអាចប្រកួតប្រជែងមេដាយបាន នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។
លោកស្រី សុខ សីហា បង្ហាញក្តីរំពឹងថា ក្លិបហែលទឹកក្រសួងព័ត៌មាននឹងទទួលបានការចូលរួមពីកីឡាករ កីឡាការិនីថ្មីៗបន្ថែម ដើម្បីឲ្យក្លិបនេះកាន់តែសម្បូរបែបនូវធនធាន ដើម្បីរួមកម្លាំងការអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របនឹងគោលដៅដ៏ចម្បងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ ខណៈវិស័យកីឡារបស់កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូង។
ជាមួយគ្នានោះ តំណាងក្លិបក្រសួងព័ត៌មាន លោកស្រី សុខ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលបំផុត ចំពោះការគាំទ្រលើកទឹកចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រសួងព័ត៌មានតែងតែឧបត្ថម្ភគាំទ្រគ្រប់បេសកកម្ម និងការបណ្តុះបណ្តាលធនធានរបស់ក្លិប ដោយជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី របសក្លិបអាចប្រកួតប្រជែងប្រកបដោយសមត្ថភាពបានរហូតដល់ពេលនេះ។ ជាមួយគ្នានេះ ក្នុងនាមតំណាងក្លិប លោកស្រីក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ផ្តល់ការលើកទឹកចិត្ត និងការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ។
សូមបញ្ជាក់ថា ក្លិបហែលទឹកក្រសួងព័ត៌មានមានឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស និងទីប្រឹក្សា គឺឯកឧត្តម លី វាន់ហុង និងឯកឧត្តម ម៉ែន សាម៉ន និងសមាជិកជាច្រើនរូបទៀត។ ក្លិបហែលទឹកក្រសួងព័ត៌មានក៏បានអំពាវនាវ និងលើកទឹកចិត្តជូនចំពោះមន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានកូនៗអាចបញ្ជូនពួកគាត់មកហ្វឹកហាត់ការហែលទឹកនៅក្លិបបាន ហើយក៏បើកបេះដូងទទួលការចូលរួមពីកីឡាករ កីឡាការិនីផ្សេងៗដូចគ្នាផងដែរ៕