ដោយសារពេលខ្លីធ្វើអោយប្រធានសហព័ន្ធកីឡាចំបាប់ បារម្មណ៍ក្នុងការកសាងសមត្ថភាពអត្តពលិកអោយខ្លាំងពូកែ សម្រាប់ស៊ីហ្គេម ២០២៣ នៅកម្ពុជា
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងថា ហេដ្ឋរចនាសម្ព័ន្ធកីឡា ការរៀបចំ ការទទួលបដិសណ្ឋារកិច្ចត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលជារឿងខ្វល់ខាយធំជាងគឺ ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីប៉ុណ្ណោះ ដោយត្រូវសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លា ខណៈពេលវេលាកាន់តែខ្លីទៅ ។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃនេះ នៅសល់តែជាង៤០០ថ្ងៃប៉ុណ្ណោះ ដោយវេលាកាន់តែខ្លីៗ គឺជាក្តីបារម្ភច្រើនក្នុងការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ខណៈហេដ្ឋារចនាសម្ព័ន្ធកីឡា ការៀបចំទីលានប្រកួតត្រូវបានរៀបចំបានជាង៩០%ហើយ ខណៈការរៀបចំការទទួលបដិសណ្ឋារកិច្ចមិនមានអ្វីជាក្តីបារម្ភនោះទេ ដោយសារកម្ពុជាធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗបានល្អប្រសើរ និងទទួលបានការកោតសរសើរពីអន្តរជាតិ ។
«ដូច្នេះយើងខ្វល់ខ្វាយជាងគេ គឺលើសមត្ថភាពកីឡាករ កីឡាការិនី ដោយសារពេលវេលាកាន់ខ្លីមានការលំបាកក្នុងការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែ ។ ដូច្នេះ មានតែខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសរបស់យើងទាំងអស់គ្នាត្រូវប្រឹងប្រែង និងប្រើប្រាស់ពេលវេលាខ្លីនេះ ឲ្យឈានដល់កម្រិតខ្ពស់ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកនូវប្រៀបឈ្នះ និងឧត្តមភាពប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនេះ»។ ប្រធានសហព័ន្ធកីឡាចំបាប់ បន្ថែមថា កីឡាករ កីឡាការិនី ត្រូវសម្រួចការហ្វឹកហាត់ឲ្យបានគត់មត់ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំនឹងឈរនៅពីក្រោយ ដើម្បីផ្តល់កម្លាំងចិត្ត ការឧបត្ថម្ភគាំទ្រជំរុញឲ្យប្អូនៗឈានទៅរកគោលដៅនៃវេទិកាកិត្តិយស ដែលប្អូនៗត្រូវក្តាប់យកឱកាសកិត្តិយសនេះឲ្យបាន ។
ជាមួយគ្នានោះ សហព័ន្ធកំពុងបន្តកិច្ចប្រឹងប្រែងឲ្យប្រភេទកីឡាចំបាប់កម្ពុជាអភិវឌ្ឍឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។ ផែនការសហព័ន្ធចំបាប់ ដែលលោកអគ្គលេខាធិការ ធិន វិចិត្រ បានលើកឡើងហើយ ជម្រើសជាតិកីឡាចំបាប់ ត្រៀមចេញទៅជំរុំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ នាអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រទេសអ៊ីរ៉ង់ គឺជាប្រទេសកំពូលមួយ នៃប្រភេទកីឡាចំបាប់នៅលើពិភពលោក ដោយម្ចាស់ជើងឯកពិភពលោក ប្រមាណ៦០ទៅ៧០% ។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ចាក់ថា នៅក្នុងឆ្នាំ២០២២នេះ គឺការហ្វឹកហាត់ និងការប្រកួតអន្តរជាតិឲ្យបានច្រើន ដើម្បីជាក្តីសង្ឃឹមឲ្យកាន់តែមុតមាំ ត្រៀមដណ្តើមមេដាយជូនជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។ ដូច្នេះហើយ យើងប្តេជ្ញាចិត្តទាំងអស់គ្នា នាំ កិត្តិយសជូនជាតិ យើងត្រូវដណ្តើមមេដាយមាសអោយបាន ដើម្បីអោយភ្លេងជាតិកម្ពុជា នឹងបន្លឺឡើងឲ្យបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំង១១ ចូលរួមគោរពជាមួយកម្ពុជា ។
សូមបញ្ជាក់ថា សន្ទសន៍មេដាយមាស ដែល (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ជាគោលដៅ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាចំបាប់ គឺយ៉ាងតិចដណ្តើមឲ្យបានមេដាយមាស៣គ្រឿង ។ «អ្វីដែលជាការប្រកួតដ៏សំខាន់លក្ខណៈអន្តរជាតិដ៏ធំមួយ គឺការប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុង Hangzho ប្រទេសចិន ដែលមាន៤៥ប្រទេសចូលរួម នាថ្ងៃទី១០-២៥ ខែកញ្ញា ឆ្នាំ២០២២ ៕
រូបភាព Camsoc