ឯកឧត្តម តែម ម៉ឺន លើកបង្ហាញគោលដៅដណ្តើមមេដាយមាស៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

Detail Top Banner

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើក​បង្ហាញពីការសម្រួចគោលដៅ​របស់ក្រុមជម្រើសជាតិ​ប្រដាល់​គុនខ្មែរ​ធ្វើយ៉ាងណាដណ្តើមមេដាយមាសឲ្យបាន៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។


នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសដឹកនាំកិច្ចប្រជុំបច្ចេកទេស នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រៀមរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម តែម ម៉ឺន គូសបញ្ជាក់ថា សហព័ន្ធកំពុងសម្រួចគោលដៅធ្វើយ៉ាងណាឲ្យក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ប្រកួតដណ្តើមមេដាយមាសឲ្យបាន ៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ដែលជាការកំណត់សន្ទសន៍មេដាយរបស់គណៈកម្មាធិការជាតិ CAMSOC។

ដូច្នេះក្រុមជម្រើសជាតិត្រូវតែប្តេជ្ញាឆន្ទៈហ្វឹកហាត់ឲ្យបានខ្ពស់បំផុត ដើម្បីដណ្តើមបាននូវកិត្តយសជាតិ កិត្យានុភាពជាតិពីឆាកអន្តរជាតិ ក្នុងការប្រកួតជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ឯកឧត្តម តែម ម៉ឺន បានក្រើនរំឭកដល់ចៅក្រមត្រូវតែផ្តល់ពិន្ទុឲ្យបានសុក្រិតយុត្តិធម៌បំផុត សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ ដោយតាមរយៈព្រឹត្តិការណ៍នេះ គឺជាការរៀបចំដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

«បើមន្ត្រីណាគ្មានសមត្ថភាព ឬមានសមត្ថភាព ប៉ុន្តែបំពេញការងារគ្មានវិន័យ គ្មានក្រមសីលធម៌នឹងត្រូវដកចេញតែម្តង ដោយសារគោលការណ៍ត្រៀមឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនេះ គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេគឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់ចេញជាវិធានការច្បាស់លាស់ ក្នុងការសម្រួចគុណភាពឲ្យបានរឹងមាំប្រកបដោយឆន្ទៈមុះមុត មិនអនុញ្ញាតឲ្យធ្វើការងារដោយខ្ជីខ្ជា ឬលេងៗបាននោះឡើយ។


ប្រធានសហព័ន្ធប្រដាល់គុនខ្មែក៏បានជំរុញឲ្យគណៈកម្មការរៀបចំការប្រកួត មន្ត្រីអាជ្ញាកណ្តាល ចៅក្រមលើកម្ពស់ក្នុងការរៀបចំ ការកាត់សេចក្តីលើការប្រកួតទាំងអស់ដោយឈរលើស្មារតីដោយយុត្តិធម៌ ស្មោះត្រង់ ដើម្បីជំរុញឲ្យការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះទទួលបានជោគជ័យ។

ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេសទាំងអស់ត្រូវបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិមួយនេះអាចដំណើរដោយរលូន។ អ្វីដែលពិសេសគឺការប្រកួតនេះនឹងបង្កើនប្រាក់រង្វាន់ជ័យលាភី ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលខិតខំប្រកួតដណ្តើមជ័យលាភី ខណៈថវិកាសម្រាប់រៀបចំការប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះមាន ៤៥លានរៀល ដែលថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រៅអំពីថវិកាគាំទ្រ២ផ្នែកទៀត ដោយប្រើប្រាស់លើផ្នែករដ្ឋបាល និងបណ្តុះបណ្តាលធនធានមនុស្ស។


គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះមានកីឡាករ កីឡាការិនីមកពីបណ្តាក្លិបរាជធានីខេត្តទូទាំងប្រទេសសរុបចំនួន ១១០នាក់ ក្នុងនោះកីឡាករ ៩៧នាក់ និងកីឡាការិនី ១៣នាក់៕

You might also like