រកឃើញម្ចាស់ជើងឯក ពានរង្វាន់ T.Y E-Champion 2022 នៃការប្រកួតកីឡាអេឡិចត្រូនិករដូវកាលទី១ ហើយ

Detail Top Banner

ក្រុម BURN X FLASH បានក្លាយជាម្ចាស់ជើងឯក នៃការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ T.Y E-Champion 2022 រដូវកាលទី១ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅសាលផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ពានរង្វាន់ T.Y E-Champion 2022 នេះ បានដំណើរការពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដោយមានក្រុមចូលរួមដំបូងរហូតដល់ ២៥៦ក្រុម និងមានកីឡាករ ១,២៨០នាក់ និងគ្រូបង្វឹក ២៥៦នាក់ ដោយប្រកួតលើវិញ្ញាសា Mobile Legend Bang Bang។


សម្រាប់វគ្គ៨ក្រុមចុងក្រោយ បានដំណើរការពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញវគ្គ៨ក្រុមចុងក្រោយនេះ លទ្ធផលទទួលបានរួមមាន៖ ចំណាត់ថ្នាក់លេខ៧-៨ បានទៅលើក្រុម Darkside និង ក្រុម Dead or Alive, ចំណាត់ថ្នាក់លេខ៥-៦ ក្រុម Infamous Legends និង ក្រុម Team Max, ចំណាត់ថ្នាក់លេខ៤ ក្រុម DG Quantum, ចំណាត់ថ្នាក់លេខ៣ ក្រុម Impunity KH, ចំណាត់ថ្នាក់លេខ២ ក្រុម SEE YOU SOON, ចំណាត់ថ្នាក់លេខ១ បានទៅក្រុម BURN X FLASH។ សម្រាប់ប្រាក់រង្វាន់ជ័យលាភី មានរហូតដល់ ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០លានរៀល, លេខ២ ទឹកប្រាក់ ២៥លានរៀល, លេខ៣ ទឹកប្រាក់ ១៥លានរៀល, លេខ៤ ទឹកប្រាក់ ៤លានរៀល។ លើសពីនេះទៅទៀត ក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុម ដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១លាន៥សែនរៀល។


លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុនធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង គូសបញ្ជាក់ថា ការប្រកួតនេះនឹងរួមចំណែកអភិវឌ្ឍឲ្យកាន់តែរឹងមាំនូវបច្ចេកទេសរបស់កីឡាករ ជាពិសេសក្រុមជម្រើសជាតិ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ លោកអគ្គនាយកបន្ថែមថា សម្រាប់ការរៀបចំឆាកប្រកួតគឺមានលក្ខណៈធំស្តង់ដារមួយ ហើយពេលក្រុមជម្រើសជាតិឡើងប្រកួតលើឆាកធំយ៉ាងណា ក៏មិនមានអារម្មណ៍ភិតភ័យដែរ ដោយផ្តោតអារម្មណ៍តែលើការប្រកួតប៉ុណ្ណោះ។ ដូច្នេះ លោកជឿថា ក្រុមកម្ពុជានឹងអាចប្រកួតប្រជែងអស់ពីសមត្ថភាព និងដណ្តើមបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន៕

You might also like