ប្រធានសហព័ន្ធកីឡាហាប់គីដូអាណត្តិទី៧ បង្ហាញគោលដៅពង្រឹងធនធានគ្រូបង្គោលនិងគៀងគរព្រឹទ្ធិចារ្យចាស់ឲ្យត្រឡប់មកវិញ
លោក ឧកញ៉ា សៅ សេងហាក់ ត្រូវបានសមាជិកសហព័ន្ធកីឡាហាប់គីដូ ឯកភាពគាំទ្រដោយការលើកដៃ១០០%តែងតាំងជាប្រធានសហព័ន្ធកីឡាហាប់គីដូដឹកនាំក្នុងអាណត្តិទី៧ដែលមានរយៈពេល៤ឆ្នាំ ក្នុងមហាសន្និបាទកីឡាហាប់គីដូបញ្ចប់អាណត្តិទី៦ កាលពីល្ងាចថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២២ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងអាណត្តិទី៧ដែល លោក ឧកញ៉ា ជាប់ជាប្រធានដឹកនាំ លោកបានដាក់គោលដៅចម្បងមុនគេ គឺការពង្រឹងគ្រូបង្គោល និងធ្វើការគៀងគរគ្រូៗដែលជាចាស់ព្រឹទ្ធិចារ្យត្រឡប់មកចូលរួមជាមួយសហព័ន្ធកីឡាហាប់គីដូវិញ ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយធ្វើឲ្យកីឡាហាប់គីដូមានការទទួលស្គាល់ជាថ្នាក់ជាតិនិងអន្តរជាតិដូចប្រភេទកីឡាសក្កានុពលផ្សេងៗ។ លោក ឧកញ៉ា សៅ សេងហាក់ បញ្ជាក់ទៀតថា ក្នុងអាណត្តិទី៧នេះ យើងមានផែនការជាច្រើន ដើម្បីវិវឌ្ឍខ្លួនទៅជាកីឡាដែលទទួលស្គាល់ដោយក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងអន្តរជាតិនៅពេលខាងមុខ។ លោក ឧកញ៉ា អះអាងថា ដើម្បីឲ្យកីឡាប្រយុទ្ធមួយនេះ ទទួលស្គាល់ពេញជាផ្លូវការ សហព័ន្ធនឹងពង្រីកវិសាលភាពឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើតស្មាដៃនៅក្រៅប្រទេសលើកកេត្យានុភាពហាប់គីដូកម្ពុជាលើឆាកអន្តរជាតិ។
សម្រាប់អាណត្តិទី៧ដែលជាអាណត្តិថ្មីនេះ សមាសភាព គណៈកម្មាធិការប្រតិបត្តិមានចំនួន២១នាក់ លោក ឧក ញ៉ា សៅ សេងហាក់ជាប្រធាន អនុប្រធានមាន៦រូប មាន លោក គួច ហុកជៀក លោក ទេព វិរៈ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ឧត្តមសេនីយ៍ទោ ស៊ុយ សុខុម ឧត្តមសេនីយ៍ត្រី ជា បូរ៉ា លោក វរៈសេនីយ៍ទោ ជា ប៊ុនឆាយ។ អគ្គលេខាធិការ លោក វរៈសេនីយ៍ទោ គង់ ចាន់ទីណា និងអគ្គលេខាធិការរង៣រូប មានលោក លោក ពុំ ណាង សែ តារា និងលោក អ៊ុំ វ៉ុន។ អគ្គហិរញ្ញឹក លោក អ៊ី មួយលី អគ្គហិរញ្ញឹករង លោក កញ្ញា គង់ម៉ូណា ជេស៊ីកា និងលោក ឧត្តមសេនីយ៍ទោ ស៊ុយ វឌ្ឍី និងសមាភាពសមាជិកជាសមាជិកមាន៧រូប។
គួរបញ្ជាក់ថា ឯកឧត្តម ម៉ក់ សំអុល ប្រធានអាណត្តិទី៦ ត្រូវបានសមាជិកសហព័ន្ធកីឡាហាប់គីដូ។