ឯកឧត្តមបណ្ឌិត ថោង ខុន៖ កិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ ជាការផ្ដល់ឱកាស ដល់ការស្វែងរកការយោគយល់គ្នា ឯកភាពគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព

Detail Top Banner

សៀមរាប៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នយ៍បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា SEAGF-Council នៅខេត្តសៀមរាបព្រឹកថ្ងៃទី១០មេសា ឆ្នាំ២០២២នេះថា កិច្ចប្រជុំក្រុមប្រឹក្សា SEAGF-Council Meeting នាពេលនេះនឹងផ្ដល់ឱកាសដល់សមាជិកក្រុមប្រឹក្សាទាំងអស់បានពិភាក្សាផ្លាស់ប្តូរមតិយោ បល់គ្នាស្វែងរកការយោគយល់គ្នា ឯកភាពគ្នា រឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែស្អិតរមួត។

នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា «ក្រោមដំបូលមហាគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលយើងទាំងអស់គ្នាធ្លាប់បានកសាងកេរ្តិ៍ ឈ្មោះក្នុងព្រឹត្តិការណ៍កីឡាតំបន់ដ៏ធំក្នុងតំបន់នេះយ៉ាងជោគជ័យ ចាប់តាំងពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games លើកទី១ នៅឆ្នាំ១៩៥៩ នៅទីក្រុងបាងកក រហូតដល់សព្វថ្ងៃ»។ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានកិត្តិយសសមាជិកក្រុមប្រឹក្សា ប្រតិភូទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាដោយផ្ទាល់ និងក៏ដូចជាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom នាពេលនេះ។ ខេត្តសៀមរាបអង្គរ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ជាបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការ UNESCO មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី១ ដ៏មានសារៈសំខាន់ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023។បច្ចុប្បន្នក្នុងនាមសហប្រធានក្រុមប្រឹក្សា SEAGF-Council ដែលកំពុងត្រៀមរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានប្តេជ្ញាចិត្តខ្បស់ក្នុងការខិតខំប្រឹងប្រែងសម្របសម្រួល និងដឹកនាំក្រុមប្រឹក្សា SEAGF-Council ឱ្យបានល្អប្រសើរ ដោយគោរពគោលការណ៍ធម្មនុញ្ញអូឡាំពិក “Olympic Charter’’ និងគោរពតាមធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ “SEAGFCharter” ដើម្បីផ្ដល់នូវឧត្តមប្រយោជន៍ដល់គ្រប់គណៈកម្មាធិការអូឡាំពិកជាតិទាំងអស់ជាសមជិក ពិសេសធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ក្លាយជាទិវាបុណ្យដ៏ធំ សម្រាប់ជំរុញទឹកចិត្តយុវជន និងជាឱកាសផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ឆ្ពោះទៅរកមិត្តភាព និងសុខុមរមនា សង្គម និងតំបន់។«កិច្ចប្រជុំក្រុមប្រឹក្សាលើកនេះ ក៏នឹងបង្ហាញដល់សាធារណៈមតិជាតិ អន្តរជាតិ អំពីភាពចុះសម្រុងគ្នា ភាពរឹងមាំនៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលយើងទាំងអស់គ្នា ប្ដេជ្ញារួមសុខរួមទុក្ខ និងរួមគ្នាធ្វើឱ្យចលនាកីឡាក្លាយជាឧបករណ៍រួមចំណែកថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចតំបន់យ៉ាង ពិតប្រាកដ»។ ឯកឧត្តមបណ្ឌិតបន្ថែម។
ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិត ថោង ខុន ស្នើសុំការយោគយល់ និងអភ័យទោសរាល់ការខុសឆ្គង និងបម្រើការរៀបចំមិនបានល្អដោយប្រការណាមួយ ពីព្រោះការយល់ដឹង និងបទពិសោធន៍របស់កម្ពុជានៅមានកម្រិត និងជាលើកដំបូងក្នុងការរៀបចំកិច្ចប្រជុំ និងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ខាងមុខនេះ។ «ទោះបីយ៉ាងណាក៏ដោយ យើងខ្ញុំប្ដេជ្ញាខិតខំប្រឹងប្រែងជួសជុលកែលម្អនូវ កំហុសឆ្គងទាំងឡាយ ដើម្បីបង្កើនការទុកចិត្ត និងភាពកក់ក្ដៅរបស់ប្រតិភូកីឡាទាំងអស់ ដែលមានវត្តមាននៅទីនេះ និងតាមប្រព័ន្ធ Zoom ផងដែរ»។

គួរបញ្ជាក់ថា កិច្ចប្រជុំដ៏ធំ និងមានសារៈសំខាន់ដោយផ្ទាល់ និងអនឡាញ នៅខេត្តសៀមរាបនេះមានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 ព្រះអង្គម្ចាស់ TUNKA IMRAN ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council ព្រះអង្គម្ចាស់ SUFRI BOLKIAH ប្រធានកិត្តិយសអស់មួយជីវិតក្រុមប្រឹក្សា SEAGF-Council និងជាប្រធានគណៈកម្មាធិការអូឡាំពិកប៊្រុយណ លោកបណ្ឌិត ADMIRAL ATINART ប្រធានលេខាធិការដ្ឋាន SEAGF-OFFICE ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិក នៃបណ្ដាប្រទេសអាស៊ីអាគ្នយ៍ទាំងអស់ផងដែរ៕

You might also like