អនុសហព័ន្ធប្រដាល់សកល លើកទឹកចិត្តក្រុមអ្នកប្រយុទ្ធជម្រើសជាតិកម្ពុជាមុនចេញទៅវៀតណាម

Detail Top Banner

ប្រដាល់ ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មុនពេលចេញទៅប្រជែងមេដាយ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ពិធីសំណោះសំណាលលើកទឹកចិត្តនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានពីប្រធានសហព័ន្ធ និងលោក ខេស៊ី បាណេត (Casey Banrnett) អនុប្រធាន ដើម្បីជំរុញទឹកចិត្តដល់អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប១១នាក់ (កីឡាករ៦នាក់ និងកីឡាការិនី២នាក់) មានស្មារតីប្រយុទ្ធកាន់ស្វាហាប់ ដណ្តើមមេដាយជូនជាតិ។

លោក ខេស៊ី បាណេត បានណែនាំដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវតែរក្សាឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ ដើម្បីជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ។ ម្យ៉ាងទៀត គឺត្រូវចៀសឲ្យបានជាដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ឬគ្រឿងលើកកម្លាំង ក្នុងវិស័យកីឡា។

លោកអនុប្រធានក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តប្រគល់ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រដាល់សកល ក្នុងម្នាក់ៗចំនួន ២០០ដុល្លារអាម៉េរិក។ លោក Masahiro Isobe នាយកប្រតិបត្តិគណៈកម្មាធិការកីឡាប្រដាល់អាជីពបានឧបត្ថម្ភថវិកាក្រុមជម្រើសជាតិទាំង៨នាក់ ក្នុងម្នាក់ៗ ៥០ដុល្លារអាម៉េរិក។ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម គ្រោងនឹងដំណើរការពិធីបើកជាផ្លូវការ នាថ្ងៃទី១២ និងពិធីបិទជាផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

បើតាមការបញ្ជាក់ពីលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធប្រដាល់សកលកម្ពុជាបានឲ្យដឹងថា ក្នុងចំណោមកីឡាករ កីឡាការិនី៨នាក់ គឺកីឡាករ៣នាក់ កីឡាករ សៅ រង្សី ប្រកួតលើប្រភេទទម្ងន់ ៥៣គីឡូក្រាម, កីឡាករ ទូច ដេវីដ ទម្ងន់៦៣គីឡូក្រាម និងកីឡាករ វី សុភ័ស ប្រកួតទម្ងន់៦៩ គឺជាក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងការឈានដល់កម្រិតមេដាយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាអាស្រ័យទៅលើភាពជាក់ស្តែង ក្នុងការចាប់ឆ្នោត។

គួររំឭកថា កាលពីប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប្រដាល់សកលកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង៕

You might also like