សហព័ន្ធប្រដាល់សកលកម្ពុជា ទទួលបានគ្រូបង្វឹកថ្មី សម្រាប់ដំណើឆ្ពោះទៅប្រជែងមេដាយ ពីស៊ីហ្គេម ២០២៣

Detail Top Banner

ភ្នំពេញ៖ សហព័ន្ធប្រដាល់សកលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានបង្ហាញវត្តមានគ្រូបង្វឹកថ្មី ជាជនជាតិកាហ្សាក់ស្ថាន ដល់អ្នកប្រដាល់ជម្រើសជាតិកម្ពុជាដែលទើបនឹងបញ្ចប់ការបោះជម្រំហ្វឹកហាត់២សប្ដាហ៍នៅប្រទេសថៃរួមនឹងគ្រូជំនួយ និងមន្ត្រីរបស់សហព័ន្ធជាច្រើនរូប។


លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានបញ្ជាក់ថាគ្រូបង្វឹកថ្មីនេះបានមកដោយសារជំនួយរបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)។ គ្រូបង្វឹករូបនេះ ជាគ្រូបង្វឹកកម្រិតអន្តរជាតិ ដែលមានបទពិសោធន៍ច្រើនលើវិញ្ញាសាប្រដាល់សកល ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិផ្នែកយោធានៅប្រទេសកាហ្សាក់ស្ថាន នឹងទើបតែបញ្ចប់បេសកកម្មបង្ហាត់នៅប្រទេសទួរគីរយៈពេលមួយឆ្នាំនោះទេ។


លោកអគ្គលេខាធិការក៏បានឲ្យដឹងដែរថា ព្រឹកមិញនេះក្រៅពីការណែនាំឲ្យស្គាល់គ្នាសហព័ន្ធក៏បានពង្រឹងឲ្យកីឡាករសហការជាមួយគ្រូបង្វឹកថ្មីនេះឲ្យបានល្អពិសេសលើផ្នែកបច្ចេកទេស និងការហ្វឹកហាត់ឲ្យបានល្អដើម្បីត្រៀមលក្ខណៈឲ្យបានខ្ពស់សម្រាប់ឆ្នាំ២០២៣។
គ្រូបង្វឹករូបនេះសន្យាថា និងបង្ហាត់ឲ្យអស់ពីសមត្ថភាពហើយគាត់ក៏មានគម្រោងស្នើសុំទៅ CAMSOC តាមរយៈសហព័ន្ធ ដើម្បីបញ្ជូនអ្នកប្រដាល់ជម្រើសជាតិកម្ពុជាទៅបោះជម្រំហ្វឹកហាត់នៅកាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរដោយធនធានកីឡាករប្រដាល់សកលដើម្បីពង្រឹងបច្ចេកទេស និងបទពិសោធន៍សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ ការហ្វឹកហាត់នៅទីនោះកីឡាករកម្ពុជានឹងមានដៃគូជាមួយកីឡាករលំដាប់អន្តរជាតិ។
កាហ្សាក់ស្ថានជាប្រទេសដែលលំដាប់អន្តរជាតិផ្នែកកីឡាប្រដាល់សកលដែលធ្លាប់ទទួលបានមេដាយមាសពិភភលោកនិងអូឡាំពិកហ្គេម។

លោកសោភ័ណ្ឌមានជំនឿចិត្តថាសម្រាប់ការជួលគ្រូមកពីប្រទេសកាហ្សាក់ស្ថាននេះគឺដើម្បីពង្រឹងបច្ចេកទេសការហ្វឹកហាត់និងការប្រកួតឲ្យកាន់តែល្អព្រោះគាត់មានបទពិសោធន៍ច្រើនហេតុនេះគាត់អាចស្វែងយលពីកម្រិតបច្ចេកទេសរបស់អ្នកប្រដាល់នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង អាស៊ី។
លោកអគ្គលេខាធិការមានជំនឿចិត្តថាគ្រូបង្វឹកថ្មីនេះនឹងជួយពង្រឹងហើយគាត់នឹងមានយុទ្ធសាស្ត្រល្អសម្រាប់ជួយដល់អ្នកប្រដាល់កម្ពុជាឲ្យដណ្ដើមបានជោគជ័យនាឆ្នាំ២០២៣៕

You might also like