ក្រុមអត្តពលិកកីឡានគរបាលជាតិកម្ពុជា នាំយកមេដាយ៣៣គ្រឿងមកជូនកម្ពុជាពីព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលើកទី១៩ ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រុមអត្តពលិកអង្គភាពកីឡានគរបាលជាតិកម្ពុជាចំនួន៩ប្រភេទកីឡាដែលចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោក World Police & Fire Games លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១កក្តដា បានធ្វើដំណើរនិវត្តមកដល់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២២ ដោយនាំយកនូវសមិទ្ធផលមេដាយសរុបចំនួន៣៣គ្រឿងមកជូនកម្ពុជា។
មេដាយទាំង៣៣គ្រឿងដែលដណ្តើមបានព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោក World Police & Fire Games លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់នេះ មានមេដាយមាស១៥គ្រឿងដណ្តើមបាន ប្រភេទកីឡាចំនួន៦មានដូចជាជូជិតស៊ូ១គ្រឿង កីឡាចំបាប់៣គ្រឿង កីឡាការ៉ាតេ១គ្រឿង កីឡាក្វាន់ដូ៣គ្រឿង កីឡាចំបាប់កាច់ដៃ៦គ្រឿង និងកីឡាលើកទម្ងន់១គ្រឿង ។មេដាយប្រាក់៨គ្រឿងលើ៥ប្រភេទកីឡា គឺ កីឡាជូជិតស៊ូ៣គ្រឿង កីឡាចំបាប់១គ្រឿង កីឡាការ៉ាតេ២គ្រឿង កីឡាវាយសី១គ្រឿងនិង កីឡាចំបាប់កាច់ដៃ១គ្រឿង។ មេដាយសំរិទ្ធ១០គ្រឿង លើប្រភេទកីឡាចំនួន៦រួមមាន កីឡាជូជីតស៊ូ១គ្រឿង កីឡាចំបាប់២គ្រឿង កីឡាយូដូ៣គ្រឿង កីឡាវាយកូនឃ្លីលើត១គ្រឿង កីឡាវាយសី១គ្រឿង និងកីឡាការ៉ាតេ២គ្រឿង។
ប្រភពរូបភាព ៖ Yuen Punlue