កីឡាសិស្សនិស្សិតកម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿងទៀតហើយ ពីកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០

Detail Top Banner

ឯកឧត្តម ព្រំ ប៉ុណ្ណយី អគ្គលេខាធិការរង សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា តាមប្រព័ន្ធតេឡេក្រាមពីប្រទេសថៃថា អត្តពលិកកីឡាសិស្សនិស្សិតកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដែលដំណើរការប្រកួតនៅសាកលវិទ្យាល័យ Rajabhat ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ នាព្រឹកថ្ងៃទី៣ ខែ សីហា នេះ ប្រភេទកីឡាប៉េតង់ នារីវិញ្ញាសាប្រកួត២នាក់ទល់និង២នាក់ កីឡាការិនីស្រ៊ាង សុរ៉ាឃីម ចាប់ដៃជាមួយ កីឡាការិនី ឃួន យ៉ារី ដណ្តើមបានមេដាយប្រាក់១គ្រឿងទៀតហើយ ជូនកម្ពុជា ខណៈវិញ្ញាសាបុរស២នាក់ទល់និង២នាក់ធ្លាក់មិនបានឡើងទៅដណ្តើមមេដាយឡើយ។


ឯកឧត្តម ព្រំ ប៉ុណ្ណយី បានបញ្ជាក់ទៀតថា មេដាយប្រាក់ដែលកីឡាការិនីប៉េតង់កម្ពុជាដណ្តើមនេះ គឺជាមេដាយទី៩ហើយ ខណៈប្រភេទកីឡាតេក្វាន់ដូកំពុងដំណើរការប្រកួតមិនទាន់ទទួលលទ្ធផលនៅឡើយនោះទេ។
ឯកឧត្តម នាយបេសកម្ម អះអាងថា គិតមកត្រឹម ថ្ងៃទី៣ ខែ សីហានេះ ប្រភេទកីឡារបស់កម្ពុជាចំនួន៤ប្រកួតហើយ បានបញ្ចប់វិញ្ញាសាប្រកួតទាំងស្រុង ក្នុងនោះមានប្រភេទកីឡា អត្តពលកម្ម ការ៉ាតេ គុនដាវ និង កីឡាប៉េតង់ ដោយរកបានមេដាយសរុប៩គ្រឿង។


សូមបញ្ជាក់ថា មេដាយប្រាក់ ដែលជាមេដាយទី៩នេះ ដណ្តើមបានលើប្រភេទកីឡាប៉េតង់ វិញ្ញសាប្រកួតនារី២នាក់ទល់២នាក់ គឺកីឡាការិនី ស្រ៊ាង សុរ៉ាឃីមចាប់ដៃជាមួយ ឃួន យ៉ារី ប្រកួតវគ្គផ្តាច់ព្រ័ត្រចាញ់កីឡាការិនីប្រទេសថៃ ។
ការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែងនោះ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ មានប្រភេទកីឡា គុនដា អត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូ៕

You might also like