អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយ១៨គ្រឿងហើយ ជូនកម្ពុជា ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
សូឡូ៖ បើតាមការបញ្ជាក់ពី លោក យី សុភក្រ្តា នាយរងបេសកម្ម បានអោយដឹងថា អត្តពលិកកីឡាជនពិការកម្ពុជា ដណ្តើមបានមេដាយ១៨គ្រឿងហើយ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
លោក យី សុភក្រ្តា បានអោយដឹងទៀតថា គិតត្រឹមថ្ងៃទី០៣ ខែសីហា អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១៨គ្រឿង ជាបណ្ដោះអាសន្ន (មាស ៥ ប្រាក់៧ និងសំរឹទ្ធ ៦)ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៦ ខែសីហា ចុងសប្ដាហ៍នេះ។
នាយរងបេសកម្ម រូបនេះ បន្ថែមថា ការសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់របស់ក្រុមអត្តពលិកជនពិការកម្ពុជា បានធ្វើឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ឈ្នះមេដាយច្រើនជាងគេ បើគិតចាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បង្កើតឡើងដំបូង កាលពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ន ពិសេសកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដែលកាលនោះ កម្ពុជាដណ្ដើមបានត្រឹមមេដាយមាស ៣គ្រឿង ប្រាក់ ៤ និងសំរឹទ្ធ ២ សរុប៩គ្រឿងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ ដែលឥណ្ឌូនេស៊ី យល់ព្រមទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២២ បន្ទាប់ពីវៀតណាម ប្រកាសលុបចោលដោយសារបញ្ហាកូវីដ-១៩នោះ បច្ចុប្បន្ន កម្ពុជាបានបំបែកកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន តែកម្ពុជានៅមានឱកាសស្វែងរកមេដាយបន្ថែមទៀត ព្រោះនៅសល់វិញ្ញាសាជាច្រើនមិនទាន់ប្រកួត ខណៈវិញ្ញាសាមួយចំនួន បានឈានដល់វគ្គដណ្ដើមមេដាយ ពិសេសវិញ្ញាសាបាល់ទះអង្គុយបុរសកម្ពុជា ដែលត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ជាមួយថៃ នាថ្ងៃទី០៤ ខែសីហា ស្អែកនេះ ៕