យ៉ុន មួយ – បោះបង់កីឡាអត្តពលកម្ម ចាប់យកកីឡាហែលទឹក ជោគជ័យខ្លាំងនៅអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី

Detail Top Banner

ភ្នំពេញ៖ បន្ទាប់ពីប្រើរយៈពេលពេលជិត ៥ឆ្នាំ អតីតកីឡាករអត្តពលកម្ម យ៉ុន មួយ បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ លើកដំបូង ក្នុងអាជីពរបស់ខ្លួនលើឆាកអន្តរជាតិ សម្រាប់ប្រកួតផ្លូវការ ប្រភេទកីឡាហែលទឹកជនមានពិការភាព ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ថ្មីៗនេះ។

កីឡាករ យ៉ុន មួយ ទទួលបានមេដាយ ២គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងនោះមេដាយប្រាក់ លើវិញ្ញាសាហែលសេរី ចម្ងាយ ២០០ម៉ែត្រ ប្រភេទ SM8 និងមេដាយសំរឹទ្ធ វិញ្ញាសាហែលមេអំបៅ ចម្ងាយ ៥០ម៉ែត្រ ប្រភេទ S8។ រូបគេជាកីឡាករដែលផ្លាស់ប្ដូរពីការលេងកីឡាអត្តពលកម្ម មកលេងកីឡាហែលទឹក ក្នុងឆ្នាំ២០១៨ និងបានប៉ុនប៉ងច្រើនលើកច្រើនសារ ក្នុងការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តែខកខានដោយសារវិបត្តិជំងឺកូវីដ-១៩។ យ៉ុន មួយ បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖ «ខ្ញុំពិតជាមានមោទកភាព ដោយសារតែការប្រកួតនេះ ជាការប្រកួតលើកដំបូងរបស់ខ្ញុំ ហើយអាចទទួលបានរហូតទៅដល់មេដាយ ២គ្រឿង។ ខ្ញុំធ្លាប់តែចូលរួមព្រឹត្តិការណ៍យុវជន ប៉ុន្តែនៅឆ្នាំ២០២២នេះ គឺថ្មីសម្រាប់ខ្ញុំចំពោះការចូលរួមអាស៊ានប៉ារ៉ាហ្គេម»។

«ពេលដែលខ្ញុំទៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំគិតថាខ្ញុំត្រូវតែឈ្នះការប្រកួតនេះ ព្រោះតាំងពីឆ្នាំ២០១៨ រហូដតដល់ឆ្នាំ២០២២ គឺអត់ដែលចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយសារមានការផ្ទុះកូវីដ ធ្វើឲ្យខកខាន ហើយកាលនោះខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំដាក់ចិត្តថា ត្រូវតែឈ្នះ ព្រោះការប្រកួតនេះមានលក្ខណៈធំសម្រាប់ខ្ញុំ បន្ទាប់ពីខ្ញុំខំប្រឹងច្រើនឆ្នាំមកហើយ»។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បន្ថែមពីការតាំងចិត្តមុនព្រឹត្តិការណ៍ប្រកួតមកដល់។ «បើនិយាយទៅ តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ គឺ៥ឆ្នាំ អត់ដែលបានចេញប្រកួតសោះ ដោយសារតែកូវីដ។ អ៊ីចឹង លើកនេះខ្ញុំត្រូវតែយកឈ្នះ ហើយឆ្នាំ២០២៣ យើងធ្វើម្ចាស់ផ្ទះ អ៊ីចឹងខ្ញុំត្រូវបញ្ចេញសមត្ថភាពឲ្យអស់ ក្រោយទុក៥ឆ្នាំហើយ មិនដែលបានបញ្ចេញសមត្ថភាពសោះ រហូតបានប្រាក់១ និងសំរឹទ្ធ១។ ទោះមិនបានមាស ប៉ុន្តែរយៈពេល ៥ឆ្នាំមក ខ្ញុំអត់ដែលប្រកួតថ្នាក់អន្តរជាតិ ធ្លាប់តែថ្នាក់ជាតិ។ អ៊ីចឹង ខ្ញុំគិតថាការចេញទៅប្រកួតនៅឥណ្ឌូនេស៊ីនេះ អត់បានមេដាយគឺប្រៀបដូច៥ឆ្នាំ ដែលខ្ញុំហ្វឹកហាត់មកចោលទទេ។ អ៊ីចឹង ខ្ញុំត្រូវតែប្តេជ្ញាចិត្តធ្វើយ៉ាងណាបញ្ចេញសមត្ថភាពឲ្យអស់ នៅអាស៊ានប៉ារ៉ាហ្គេម»។ យ៉ុន មួយ បានសង្កត់ធ្ងន់។

កីឡាករមកពីខេត្តត្បូងឃ្មុំរូបនេះ បានបង្ហើបឲ្យដឹងថា កត្តាដែលនាំឲ្យមានការប្តេជ្ញាចិត្តរហូតដល់ឈ្នះមេដាយនេះ សំខាន់ជាងគេទី១ គឺក្រុមគ្រួសារ ដែលតែងតែលើកទឹកចិត្ត។ ទី២ គឺថ្នាក់ដឹកនាំ។ ទី៣ សហព័ន្ធខ្មែរកីឡាហែលទឹក តែងតែផ្ដល់គ្រូជម្រើសជាតិដែលមានបច្ចេកទេស និងបទពិសោធន៍ច្រើនឆ្នាំ និងទី៤ គឺមិត្តភ័ក្តិ ដែលតែងតែផ្ដល់កម្លាំងចិត្តដល់រូបខ្លួន។ ជុំវិញការតាំងចិត្តសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ យ៉ុន មួយ បានបង្ហើបថា៖ «សម្រាប់ឆ្នាំ២០២៣ គឺខ្ញុំតាំងចិត្តរួចហើយ ហើយនឹងខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីគ្រងមេដាយច្រើនជាងការទៅប្រកួតនៅឥណ្ឌូនេស៊ី។ នៅឆ្នាំ២០២៣នេះ ខ្ញុំអាចនិយាយនឹងយកមេដាយមាសឲ្យបាន»។យ៉ុន មួយ កើតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កីឡាកររូបនេះចាប់ផ្ដើមដំបូងឡើយ ជាកីឡាករអត្តពលកម្ម រយៈពេល ៤ឆ្នាំ (២០១២-២០១៦) លុះចូលដល់ឆ្នាំ២០១៨ រូបគេបានចូលរួមលេងលើប្រភេទកីឡាហែលទឹក។ ហ្វឹកហាត់បាន ៦ខែ ក៏បានចេញទៅប្រកួតជើងឯកយុវជន (Youth Para Sports Camp) នៅប្រទេសកូរ៉េខាងត្បូង ដោយទទួលបានមេដាយមាស។ ចូលដល់ឆ្នាំ២០១៩ ក៏បានជាប់ជម្រើសជាតិឈុតធំ និងទើបតែបានចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកដំបូងឆ្នាំ២០២២នេះ៕

You might also like