អាស៊ានរួមគ្នាអភិវឌ្ឍន៍តំបន់កីឡា និងតំបន់កំសាន្តក្នុងតំបន់អាស៊ាន” ដើម្បីអោយប្រជាពលរដ្ឋមានសុខភាពល្អ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន

Detail Top Banner

ភ្នំពេញ ៖ សិក្ខាសាលាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាក្រោមប្រធានបទ ” ស្តីពីការអភិវឌ្ឍន៍តំបន់កីឡា និងតំបន់កំសាន្តក្នុងតំបន់អាស៊ាន” រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងទទួលបានធាតុចូលសំខាន់ៗដើម្បីចាប់ផ្តើមគិតដល់សុខភាពប្រជាពលរដ្ឋ ។


ដែលពិធីបិទអង្គសិក្ខាសាលាក្រោមវត្តមានឯកឧត្តមប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយប្រតិភូដែលមកពីបណ្តាលប្រទេសអាស៊ានទាំង១០នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
ក្រោយបិទបញ្ចប់អង្គសិក្ខាសាលាលោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អោយដឹងថា អ្វីដែលយើងនិយាយគ្នាក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ គឺទីមួយនិយាយអំពីបញ្ហាសុខភាព ទាក់ទងការហាត់ប្រាណ និងលេងកីឡា ជាលទ្ធផលគឺយើងទទួលបានចំណេះដឹងថ្មីៗពីអ្នកចូលរួម ដែលជាវាគ្មិន ជនជាតិបរទេសមកពីស្ថាប័នផ្សេងៗ ក្នុងតំបន់អាស៊ាន ដោយឡើងធ្វើបទបង្ហាញអំពីទំនាក់ទំនងរវាង ការហាត់ប្រាណ និងលេងកីឡាតើគួរធ្វើយ៉ាងណា ។ អ្វីដែលយើងចង់បានគឺធ្វើយ៉ាងណាឲ្យប្រទេសអាស៊ានទាំងអស់ ចាប់ផ្តើមគិតដល់សុខភាពប្រជាពលរដ្ឋ ព្រោះសុខភាព មានទំនាក់ទំនងជាមួយសេដ្ឋកិច្ចជាតិ មានន័យថាអ្វីដែលយើងចង់បានចុងក្រោយគឺអាស៊ាន ជាសហគមន៍មួយពោរពេញទៅដោយមនុស្សដែលមានសុខភាពល្អ កាលណាមនុស្សមានសុខភាពល្អគឺអាស៊ាននឹងក្លាយជាសហគមន៍មួយដែលមានសេដ្ឋកិច្ចរីកចម្រើនដូចប្រទេសជឿនលឿន ។ ព្រោះថាកម្លាំងពលកម្មនិងសេដ្ឋកិច្ចមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ កាលណាកម្លាំងពលកម្មច្រើនខ្លាំងគឺសេដ្ឋកិច្ចមានការរីកចម្រើនហើយបើកម្លាំងពលកម្មខ្សោយសម្បូរទៅដោយមនុស្សដែលពុំមានសុខភាពល្អគឺសេដ្ឋកិច្ចមិនអាចរីកចម្រើនបានទេ វាជាគោលដៅចុងក្រោយដែលយើងចង់បាន។


លោក អ៊ុក ឌីវ៉ង់ បញ្ជាក់ថា ជាលទ្ធផលយើងបានទទួលធាតុចូលពីបណ្តាលប្រទេសអាស៊ានទាំង១០ គឺភាគីសឹងតែទាំងអស់ មិនអាចថាខាងកីឡាមួយធ្វើតែឯងបានទេគឺទាមទារឲ្យមានការចូលរួមពីផ្នែកឯកជនពីអង្គការសង្គមពី ក្រសួងពាក់ព័ន្ធនានាគ្រប់ទាំងអស់ ដើម្បីធ្វើយ៉ាងណាធ្វើឲ្យប្រជាជនយើងមាន សុខភាពល្អ និងធ្វើឲ្យប្រទេសអាស៊ានទាំងអស់មានសេដ្ឋកិច្ចរីកចម្រើន ។

សូមជម្រាបផងដែលថាក្នុងឆ្នាំនេះ កម្ពុជានឹងមានព្រឹត្តិការណ៍អមមួយទៀត ទាក់ទងនឹងកម្ពុជាធ្វើជាប្រធានអាស៊ាន គឺការសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដែលផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាអាស៊ាន ដែលទទួលបានជំនួយឧបត្ថមពីមិត្តចិន មានន័យថាមិត្តចិនជួយអាស៊ានទាំងមូលប៉ុន្តែមិនអាចជួយភ្លាមម្ដងទាំងអស់បានទេ ដោយត្រូវការពេលវេលាហ្នឹងថវិការច្រើន ។ ដូច្នេះក្នុងឆ្នាំនេះភាគីមិត្តចិននឹងជួយកម្ពុជាយើងទាក់ទងនឹងសម្ភារៈ ដែលគិតជាថវិកាប្រមាណ២០ម៉ឺនដុល្លារ សម្រាប់ការដឹកជញ្ជូនពីចិនមកកម្ពុជា ទទួលការរាប់រងដោយភាគីចិន រីឯការបំពាក់ តម្រូវអោយកម្ពុជាជាអ្នករៀបចំទីលានមួយសមរម្យសម្រាប់បំពាក់សម្ភារ ខណៈពេលនេះលេខាធិការដ្ឋានអាស៊ានកំពុងពិនិត្យមើលតំបន់ពីរគឺ ភ្នំពេញ និងសៀមរាប និងពិភាក្សាគ្នាគិតគូរពីការបំពាក់សម្ភារៈហាត់ប្រាណនេះបាន ៕

អត្ថបទដោយ ៖ គោព្រៃ

You might also like