ប្រដាល់គុនខ្មែរជើងឯកពិភពលោក គ្រោងរៀបចំនៅតំបន់អង្គរ មានកីឡាករ១២ប្រទេសចូលរួម
ភ្នំពេញ ៖ ការប្រកួត «គុនខ្មែរជើងឯកពិភពលោក» នឹងធ្វើឡើងនៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី ២៦-២៧ និង ២៨ ខែវិច្ឆិកា ដែលជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយខេត្តនេះ នឹងផ្តល់ភាពរីករាយ សម្រាប់ប្រតិភូកីឡា បណ្តាប្រទេសនានា ហើយក៏ជាទឹកដីតឹកតាង នៃកំណើតគុនខ្មែរ ដើម្បីពង្រីកវិសាលភាព ឱ្យកាន់តែធំទូលាយ ទៅកាន់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅលើផេកផ្លូវការ NOCC ។
ឯកឧត្តម បានឲ្យដឹងទៀតថា ពេលនេះ មាន ១២ ប្រទេស ហើយបានចុះឈ្មោះ ចូលរួម ប្រកួតគុនខ្មែរពិភពលោក ក្នុងនោះ មានទាំងប្រទេសតំបន់អឺរ៉ុប អាស៊ី និងអាស៊ាន ដូចជា រុស្ស៊ី អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី និងប្រទេសជិតខាងជាដើម។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា សមាជិកគុនខ្មែរទាំងអស់ មានមហិច្ឆតា រុញយើងឱ្យ ឈានទៅដល់ ដំណាក់កាលយុទ្ធសាស្ត្រទី២ គឺចូលក្នុងកម្រិតអាស៊ី ពីព្រោះគុនខ្មែរ ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាក្បាច់គុន ដែលបានរៀបចំប្រកួតពហុកីឡា ឬហ្គេម ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅរួចហើយ។ ហេតុនេះ យើងបានដាក់គោលដៅរុញ គុនខ្មែរ ឱ្យដល់កីឡាអាស៊ី (Asian Games) ដែលមាន ៤៥ ប្រទេស ជាសមាជិក។ ជាគោលដៅយុទ្ធសាស្ត្រដ៏ធំទី៣ គឺយើងនឹងរុញ «គុនខ្មែរ» ឱ្យដល់កម្រិតអូឡាំពិកហ្គេម នាថ្ងៃអនាគត ដែលជាកម្រិតការប្រកួតប្រជែងដ៏ខ្ពស់ និងធំបំផុតរបស់ ពិភពលោក៕