អ្នកលេងគុនខ្មែរពីររូប ផ្តល់មេរៀនដល់កីឡាករថៃយ៉ាងចាស់ដៃ ក្នុងលើសង្វៀន TV5

Detail Top Banner

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២ រូបបានទទួលជ័យជម្នះលើអ្នកប្រដាល់ថៃដោយពិន្ទុដូចគ្នា ខណៈ មួយរូបទៀតបានត្រឹមស្មើគ្នាដោយពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំដោយស្ថានីយប៉ុស្តិ៍លេខ៥សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។


អ្នកប្រដាល់ជើងខ្លាំងថៃ Sen Sakgneun ប្រកួតជាមួយអ្នកលេងជើងរន្ទះកម្ពុជា គង់ ហ៊ូវ របស់ក្លិបមហិទ្ធិរិទ្ធមេសថ្ងក បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ អ្នកប្រដាល់កម្ពុជា គង់ ហ៊ូវ បានទទួលជ័យជម្នះដោយពិន្ទុ។ ការប្រកួតកន្លងមក គង់ ហ៊ូវ តែងតែប្រើស្នៀតទាត់ផ្កាប់ចានគូប្រកួតបានមុនទឹកទី៥ តែ
លើកនេះជួបជាមួយ Sen Sakgneun ជាជើងខ្លាំងដែរនោះទាំងសាខាងសុទ្ធតែវ៉ៃដោយប្រុងប្រយ័ត្នដូចគ្នាព្រោះពួកគេសុទ្ធតែអ្នកលេងស្នៀតផ្កាប់ចានដូចគ្នា។


អ្នកប្រដាល់ទាំង ២ រូបនេះតស៊ូជាមួយគ្នា ៥ ទឹកពេញដោយ គង់ ហ៊ូវ មានប្រៀបលើគូប្រគួតបន្តិចបន្តួចប៉ុណ្ណោះ។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់ថៃ Katha Thep សន្លប់ដោយស្នៀតផ្កាប់ចាននៅទឹកទី២។
អ្នកប្រដាល់កម្ពុជា ខុន បូឡា របស់ក្លិបនាគនាំសំណាងដែលប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃ Chhuok Namseapក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាមនោះក៏បានឈ្នះអ្នកប្រដាល់ថៃដោយពិន្ទុដែរ។ សម្រាប់គូនេះការប្រកួតក៏មានលក្ខណៈតឹងតែងគួរឲ្យកត់សម្គាល់ដែរ។


អ្នកប្រដាល់កម្ពុជា បូឡា មានកណ្ដាប់ដៃធ្ងន់ ជើងធ្ងន់ និងរហ័សនោះក៏មិនហ៊ានប្រហែសជាមួយកែង និងជង្គង់របស់អ្នកប្រដាល់ Chhuok Namseap ដែរ។ អ្នកប្រដាល់ទំាង ២ រូបនេះប្រកួតគ្នាពេញទាំង៥ទឹកហើយទាំងសងខាងសុទ្ធតែរងការ ឈឺសាច់ដូចគ្នា។ ទោះជាយ៉ាងណាក៏ខុន បូឡាជាអ្នកបានទទួលជ័យជំនះដោយពិន្ទុដែរ។
អ្នកប្រដាល់កម្ពុជា ហ៊ុនកង គុនខ្មែរ ក្លិបគុនខ្មែរដូនតាប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Phat Seayfa ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។អ្នកប្រដាល់កម្ពុជា ហ៊ុនកង គុនខ្មែរមិនសូវជាមានផ្លែវ៉ៃល្អនោះទេតែគេមានកម្លាំងយោងមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់គេមានលក្ខណៈត្រង់ៗពេកដែលជាហេតុធ្វើឲ្យគូប្រកួតងាយនឹងការពារ ឬចល័តខ្លួនចេញពីការវាយប្រហារបានដោយស្រួល។ ទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នាបានពេញទាំង៥ទឹក។ទោះបីទាំងសងខាងសុទ្ធតែឈឺសាច់ដូចគ្នាក៏ពិតមែនតែលទ្ធផលបានត្រឹមស្មើពិន្ទុគ្នា៕

You might also like