កីឡាករ វង្ស គឹមហួត៖ មានការជម្រុញលើកទឹកចិត្ត សហការ សាមគ្គីជាក្រុម ទើបធ្វើឲ្យយើងឈ្នះពាន
ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ បានបញ្ចប់ក្រោមដំណក់ទឹកភ្លៀងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរពីកីឡាករថៃក្រោយកីឡាករ វង្ស គឺមហួត និងហេង បញ្ញា ឈ្នះពានរង្វាន់ជូនកម្ពុជា ក្នុងចំណោមរថយន្តខ្លាំងសរុប២៨គ្រឿងចូលរួម។
កីឡាករ វង្ស គឹមហួត បញ្ជាក់ថា ជ័យជំនះនេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីក្រុមការងារ បច្ចេកទេស និងការដឹកនាំផ្ទាល់ពីលោក ឈិន ឈុំសីហា ប្រធានក្រុម ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និងក្រុមមហាគ្រួសាររថយន្ត Off-Road រួមទាំងក្រុមហ៊ុន Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗទើបធ្វើអោយយើងទទួលបានលទ្ធផលល្អបែបនេះ។ អ្នកបើកបរពោរពេញដោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំងនេះ ពិតជាពិបាកធ្វើអោយកីឡាករប្រណាំងជាច្រើនបោះបង់ការប្រកួត ព្រោះភ្លៀងខ្លាំងធ្វើអោយស្ថានភាពផ្លូវមានលេចទឹក ភក់ជ្រៅៗ ដីល្បាប់ និងគ្រលុកជ្រៅៗ ទើបគណកម្មការសម្រេចកាត់២ដំណាក់កាលចេញ ប្រកួតតែ៦ដំណាក់កាលប៉ុណ្ណោះ ទើបធ្វើអោយការប្រកួតអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត រីឯពិធីចែកពានវិញ ដល់ម៉ោង២អាធ្រាតទើបបញ្ចប់។ កីឡាករ វង្ស គឹមហួត សង្កត់ធ្ងន់ថា ជោគជ័យនេះ ជាកត្តាមួយដ៏ល្អសម្រាប់ជម្រុញសមត្ថភាពក្រុមការងារទាំងអស់អោយកាន់តែស្ទាត់ជំនាញច្បាស់លាស់ ដើម្បីពង្រឹងអ្វីដែលខ្វះខាត ជាពិសេសក៏ជាឪកាសសាកល្បងរថយន្តប្រណាំងអោយខ្លាំង និងរួចរាល់ត្រៀមការប្រណាំងលើកក្រោយទៀត ដូចជា ការប្រណាំងនៅខេត្តកាន់ឆាណាក់បូរី និងខេត្តត្រាងផងដែរ។
ចំពោះព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ មានរថយន្តសរុបចំនួន៨២គ្រឿង សម្រាប់ Class កម្ពុជាចូលរួម មានរថយន្ត២៨គ្រឿងសិតជាជើងខ្លាំង ។ កម្ពុជាបានបញ្ជូនរថយន្តសរុប៨គ្រឿង រថយន្តប្រណាំង២គ្រឿង និងរថយន្តក្រុមការងារ៦គ្រឿង ដឹកនាំដោយលោក ឈិន ឈុំសីហា។ ជាលទ្ធផលរថយន្តប្រណាំង VKH Team មានកីឡាករ វង្ស គឹមហួត និងហេង បញ្ញា ទទួលបានចំណាត់ថ្នាក់លេខ១ រីឯកីឡាករ ព្រំ រស្មី និង លាភ ហេង មិនទទួលបានចំណាត់ថ្នាក់ទេដោយសារបញ្ហាគ្រឿងម៉ាស៊ីន៕