កម្ពុជាទទួលបានទង់ស៊ីហ្គេមពីវៀតណាមជាផ្លូវការ ត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣

Detail Top Banner

ហាណូយ៖ ព្រះរាជាណាចក្រកម្ពុជា បានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ទង់ស៊ីហ្គេម” ជាផ្លូវការហើយ ដើម្បីនាំយកទៅរាជធានីភ្នំពេញ និងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាស សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ។


ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុង ហាណូយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។


សម្រាប់ថ្ងៃពិសេសក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុម ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអញ្ជើញទង់ស៊ីហ្គេមផ្ទាល់ពីភាគីវៀតណាម ដើម្បីបន្ដវេនធ្វើ ម្ចាស់ផ្ទះនាឆ្នាំក្រោយ។


សូមបញ្ជាក់ថា ក្រោយទទួលបានទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ ខែឧសភាស្អែកនេះ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗ មួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ។ តាមរយៈនេះ NOCC បានធ្វើការជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនចូលរួម អបអរសាទរពិធីដង្ហែទង់ស៊ីហ្គេមនេះ ដែលសបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជាដើម្បីរួមចំណែក ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា ៕

You might also like