ពុទ្ធិកសាកលវិទ្យាល័យតេជោ ហ៊ុន សែន ដណ្តើមបានមេដាយមាសច្រើនជាងគេលើកីឡាវាយកូនឃ្លីលើតុ នៃការប្រកួត កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា២០២២
ភ្នំពេញ ៖ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ លើ ប្រភេទកីឡាវាយកូនឃ្លីលើតុនៅទីលានសហព័ន្ធកីឡាវាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៩ ខែមិថុនា លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបិទជាផ្លូវការ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានមានប្រសាសន៍ថា ការប្រកួត ចំនួន ៨ ស្ថានសិក្សារដ្ឋ និងឯកជនរួមមានវិទ្យាស្ថានបច្ចេកទេសកម្ពុជា វិទ្យាស្ថានខេមអេដ វិទ្យាស្ថាន សិក្សាដើម្បីភាពជោគជ័យ សាកលវិទ្យាល័យ បាត់ដំបង់ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកល វិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន និងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ចំណែកការប្រកួតមានកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុបមាន ចំនួន ៤០នាក់ (ប្រុស ៣៦នាក់ ស្រី ៤នាក់) ។
លោក ព្រុំ ប៊ុណ្ណយី បាន បានអបអរចំពោះជ័យលាភីដែលជាកីឡាករ កីឡាការិនី ជានិស្សិត និងលើកទឹកចិត្ត ទាំងកីឡាករ-កីឡាការិនី ដែលមានវត្តមាន នៅទីនេះទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន ក្លាយជាកីឡាករ កីឡាការិនី មានគុណផលខ្ពស់ និងឈានទៅប្រកួតស្មើមុខមាត់ លើឆាកអន្ដរជាតិ។ ការប្រកួត កីឡានេះ តម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិយើង និងជៀសផុតពី អំពើអសកម្មផ្សេងៗ នៅក្នុងសង្គម ។
សូមបញ្ជាក់ថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីមកពីពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់២ គ្រឿង ខណៈ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿងឈរតំណែងជើងឯករង និងចំណាត់ថ្នាក់លេខ៣ វិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ ទទួលបានមេដាយមាស១គ្រឿង ៕