ការប្រកួតកីឡាអេឡិកត្រូនិក Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ នឹងចាប់ផ្តើមនៅពាកកណ្តាលខែកុម្ភៈខាងមុខនេះហើយ

Detail Top Banner

លោកធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង (ឯ.ក) បានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ការប្រកួតកីឡាអេឡិកត្រូនិក Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានការគាំទ្រឧបត្ថម្ភដោយ ក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង (ឯ.ក)។


លោកធី វ៉ាយ បានអះអាងថា ការរៀបចំការប្រកួតនេះពិតជាមានសារៈសំខាន់ ក្នុងការបង្កើនធនធានកីឡាករ កីឡាការិនីនៅក្នុងស្រុក ពិសេស បានរួមចំណែកក្នុងការចូលរួមអភិវឌ្ឍសមត្ថភាពពួកគេឲ្យក្លាយជាកីឡាករដែលមានគុណភាពឈានទៅប្រកួតប្រជែងដណ្តើមបានជ័យលាភីល្អនៅលើឆាកអន្តរជាតិមកជូនកម្ពុជា។
លោក បញ្ជាក់ទៀតថា សម្រាប់ការចូលរួមគាំទ្រឧបត្ថម្ភការរៀបចំព្រឹត្តិការណ៍ប្រកួតលោកពេញចិត្តខ្លាំងណាស់ ហើយ លោកមិនមែនមានហិជ្ជតាចូលរួមឧបត្ថម្ភគាំទ្រតែការរៀបចំការប្រកួតកម្រិតជាតិប៉ុណ្ណោះទេ នៅពេលខាងមុខ លោកចង់បង្កើតព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនៅទឹកដីកម្ពុជា ដើម្បីឲ្យបណ្តាប្រទេសនៅលើពិភពលោកមកចូលរួមប្រកួតប្រជែងផងដែរ។


នាយកក្រុមហ៊ុន ខាងលើ បានគូបញ្ជាក់បន្ថែមទៀតថា ការប្រកួតកីឡាអេឡិកត្រូនិក Mobile Legend ពានរង្វាន់ T.Y Media E-Champion រៀបចំដោយសព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាសហការគាំទ្រដោយក្រុមហ៊ុនធី វ៉ាយ មេឌា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសមត្ថភាពកីឡាករប៉ុណ្ណោះទេ ពោលវាបានរួមចំណែកធ្វើឲ្យមន្ត្រីបច្ចេកទេសទទួលបានបទពិសោធន៍ ក្នុងការរៀបចំការប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ផងដែរ។លោក បានបង្ហាញនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនរបស់លោកដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។


លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាបានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការអភិវឌ្ឍគុណភាពសមត្ថភាពកីឡាករកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថាវិស័យកីឡាអេឡិចត្រូនិកមានបេសកកម្មធំៗចំនួនពីរ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោកបន្ថែមថា ការប្រកួតលើវិញ្ញាសា Mobile Legendពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗនាពេលខាងមុខ។ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថានឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។


សូមបញ្ជាក់ថា ការប្រកួតមួយនេះមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០រៀល៕

ប្រភពរូបភាព ៖ Cambodia 2023

You might also like