គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រួតពិនិត្យសុខភាព ដើម្បីបម្រើសុខុមាលភាព ជូនដល់កុមារជនមានពិការភាព

Detail Top Banner

ខេត្តកណ្តាល ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានធ្វើកម្មវិធីត្រួតពិនិត្យ សុខភាព និងកម្មវិធីកីឡាសម្រាប់ក្មេងៗ ដើម្បីលើកកម្ពស់ និងផ្តល់កម្លាំងចិត្តដល់ជនមានពិការភាព។ ពិធីនេះធ្វើឡើងនៅក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ជនមានពិការភាព ជាង១៥០នាក់ និងមានការចូលរួមពីអាណាព្យាបាល មន្រ្តីអប់រំ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនទៀតផងដែរ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីក ចលនាកីឡា ល្បែងកំសាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីផ្សេងៗទៀតជារៀងរាល់ឆ្នាំ ទៅដល់សហគមន៍ នៅតាមបណ្ដាខេត្តនានា។ លោកបន្តថា កម្មវិធីត្រួតពិនិត្យ សុខភាព ខាងលើនេះ ទទួលបានការសហការជាមួយអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ខេត្តកណ្ដាល ដោយបានរៀបចំកម្មវិធីនេះឡើង នៅក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលជាមជ្ឈមណ្ឌលអប់រំពិសេសដល់ប្អូនៗពិការខ្សោយសតិបញ្ញា ដែលពុំធ្លាប់មានពីមុនមក។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក៏បានរៀបចំកម្មវិធីលេងកំសាន្ត និងកម្មវិធីត្រួតពិនិត្យសុខភាព ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយយរីករាយ ដល់ពួកគាត់ដែលជាការពង្រឹងនូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗ ជនមានពិការភាព និងរវាងអាណាព្យាបាល និងអាណាព្យាបាលដទៃផ្សេងទៀត។…មិនតែប៉ុណ្ណោះ យើងបានសហការជាមួយអង្គការ សមាគមនានា ដែលគ្រប់គ្រងជនពិការ ខ្សោយសតិបញ្ញ ដើម្បីផ្ដល់ឱកាសដល់បងប្អូនៗជនពិការ ខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡាដូចជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការ ភាពនៅកម្ពុជា។

លោក ឃ្លាំង ចន្ធូ ក៏បានសូមអំពាវនាវដល់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានលេងកំសាន្ត ហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។ ជាពិសេស គឺក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន ឬអ្នកដែលជិតស្និទ្ធបំផុតរបស់ពួកគាត់ប៉ុណ្ណោះ ដែលជាកត្តាសំខាន់ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមកម្មវិធីនានា របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕

You might also like